រាជធានីភ្នំពេញ ៖ នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២១ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោ ហ៊ុន សែន បាន យល់ព្រម ទទួលយកជនភៀសខ្លួនអាហ្វហ្កានីស្ថាន ចំនួន៣០០នាក់ ដើម្បីស្នាក់នៅជា បណ្តោះអាសន្ន មុននឹងឆ្ពោះទៅកាន់ប្រទេសទី៣។
ការយល់ព្រមទទួលយកជនភៀសខ្លួនក្នុងគោលការណ៍មនុស្សធម៌ ដើម្បីស្នាក់នៅកម្ពុជាបណ្តោះ អាសន្ននេះ ធ្វើឡើងតាមការស្នើសុំរបស់អង្គការ The Asia Foundation ប្រចាំកម្ពុជាមកកាន់ ក្រសួងការបរទេសកម្ពុជា នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២១នេះ។
អង្គការ The Asia Foundation បានស្នើសុំមករាជរដ្ឋាភិបាលកម្ពុជា ដោយបញ្ជាក់ថា«ដោយផ្អែកលើ គោលការណ៍មនុស្សធម៌មេត្តា ពិនិត្យនូវលទ្ធភាពផ្តល់ទិដ្ឋាការចូលព្រះរាជាណាចក្រ កម្ពុជា ដល់ បុគ្គលិកអង្គការ The Asia Foundation ប្រចាំប្រទេសអាហ្វហ្កានីស្ថាន ដែលជាពលរដ្ឋអាហ្វហ្កានីស្ថាន និងក្រុមគ្រួសារ សម្រាប់រយៈពេលជាបណ្តោះអាសន្នក្នុងអំឡុងពេលដែលពាក្យស្នើសុំជា ជនភៀសខ្លួនកំពុងតែដំណើរការ»។ ពាក់ព័ន្ធនឹងសំណើខាង លើនេះ សម្តេចតេជោ ហ៊ុន សែន បានសម្រេច៖
១. ឯកភាពទទួលយកជនភៀសខ្លួនអាហ្វហ្កានីស្ថានក្នុងចំនួនមិនលើសពី៣០០នាក់
២. ផ្តល់ទិដ្ឋាការ នៅពេលមកដល់ (Visa on arrival) ដល់ជនភៀសខ្លួនខាង លើនិងអនុញ្ញាតឱ្យជន ភៀសខ្លួនទាំងនោះ ប្រើប្រាស់អត្តសញ្ញាណប័ណ្ណសំគាល់ខ្លួន សម្រាប់ធ្វើជាឯកសារធ្វើដំណើរ និង
៣. លើកលែងវិធានសុខាភិបាលសម្រាប់ការធ្វើដំណើរចូលមកកម្ពុជាដល់ជនភៀសខ្លួនទាំងនោះ ដើម្បីពួកគេ អាចធ្វើដំណើរមកកម្ពុជាបាន តែត្រូវអនុវត្តទៅតាមវិធានសុខាភិបាលនានា (ធ្វើតេស្ត និងធ្វើចត្តាឡីស័ក ជាដើម) ដែលបានដាក់ចេញដោយរាជរដ្ឋាភិបាល នៅពេលពួកគេចូលមកក្នុង ព្រះរាជាណាចក្រកម្ពុជា។
ដោយឡែកពាក់ព័ន្ធនឹងការស្នាក់នៅរយៈពេលប៉ុន្មានថ្ងៃ ឬប៉ុន្មានខែ ក្រសួងការបរទសកម្ពុជា បាននឹងកំពុង ពិភាក្សាបន្ថែមជាមួយការអង្គការ The Asia Foundation ជាបន្តទៀត៕
0 Comments:
Post a Comment