តាកែវ៖ បន្ទាប់ពីទទួលបានដំណឹងភ្លាម ករណីសមត្ថកិច្ចឃាត់បងប្អូនប្រជាពលរដ្ឋជាង ៣០០នាក់ ដែលលួចធ្វើការប្រមូលម្ដុំគ្នា កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១ ដែលមានទីតាំងនៅបូរីរស្មី ស្ថិតនៅភូមិខ្សឹង សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ។ ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តតាកែវ បានដឹកនាំអាជ្ញាធរពាក់ព័ន្ធ នៅវេលាម៉ោងជាង១១ ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១នេះ បានអញ្ជើញចុះពិនិត្យមើលផ្ទាល់នៅទីតាំងខាងលើ ព្រមទាំងដាក់ចេញវិធានការមួយចំនួនដល់អាជ្ញាធរពាក់ព័ន្ធ។
ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត បានធ្វើការណែនាំដល់អាជ្ញាធរពាក់ព័ន្ធទាំងអស់ ត្រូវធ្វើការផ្អាកជាបណ្ដោះអាសន្ននូវទីតាំងខាងលើ ដែលបានល្មើសនឹងបំរាមរបស់ រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល និងល្មើសបំរាមរបស់ រដ្ឋបាលខេត្ត ដែលបានដាក់ចេញកន្លងមក ដើម្បីជាវិធានការចូលរួមបង្ការ និងទប់ស្កាត់ការឆ្លងរីករាលដាល នៃជំងឺកូវីដ១៩ ដែលកំពុងរាតត្បាតជាសកល។
ក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្ត ក៏បានណែនាំបន្ថែមដល់ មន្ទីរសុខាភិបាលខេត្ត ត្រូវសហការជាមួយអាជ្ញាធរមូលដ្ឋាន ត្រូវចុះយកសំណាកដល់បងប្អូនប្រជាពលរដ្ឋ ចំនួន ៣៨៥នាក់ទាំងអស់ ដើម្បីស្វែងរកវីរុសកូវីដ១៩ ព្រមទាំងដាក់ចេញនូវវិធានការមួយចំនួនឱ្យបានទាន់ពេលវេលា ក្នុងការចូលរួមទប់ស្កាត់ការឆ្លងរីករាលដាល នៃជំងឺកូវីដ១៩នេះ។
គួរបញ្ជាក់ថា តាមការណែនាំរបស់រាជរដ្ឋាភិបាល រដ្ឋបាលខេត្តតាកែវ បន្តការអនុវត្តវិធានការរដ្ឋបាលក្នុងភូមិសាស្ត្រខេត្តតាកែវ រយៈពេល ០៧ថ្ងៃទៀតចាប់ពីម៉ោង ២៣:៥៩នាទី ថ្ងៃទី១២ ដល់ថ្ងៃទី ១៩ ខែសីហា ឆ្នាំ២០២១ ដោយក្នុងនោះរួមទាំងហាមឃាត់ការជួបជុំ ហាមឃាត់ការលក់ដូរគ្រឿងស្រវឹង ព្រមទាំងដាក់បំរាមគោចរចាប់ពីម៉ោង ៩យប់ ដល់ម៉ោង ៣ទៀបភ្លឺជាដើម។ល៕ ដោយ៖ មន្ទីរព័ត៌មានខេត្តតាកែវ
0 Comments:
Post a Comment