(ភ្នំពេញ)៖ រដ្ឋមន្ត្រី នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ប្រធានគណៈកម្មការទទួលបន្ទុកផ្សព្វផ្សាយអប់រំ ស្នើដល់ពិធីករ ពិធីការិនីកម្មវិធីកីឡាដែលមានឥទ្ធិពលក្នុងសង្គមជួយធ្វើការអត្ថាធិប្បាយអំពីផលប៉ះពាល់ពីគ្រឿងញៀន តាមរយៈសារឯកជនរបស់ខ្លួន ផ្សព្វផ្សាយទៅដល់ស្រទាប់យុវជន និងពលរដ្ឋឱ្យចៀសឆ្ងាយពីគ្រឿងញៀន។
ការស្នើបែបនេះរបស់លោករដ្ឋមន្ត្រី បានធ្វើឡើងតំណាងលោកសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាង លោកស្រីឧត្តមសេនីយ៍ឯក ឈឹម សិទ្ធិបុណ្យរិទ្ធ អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងលោក ជា ចន្ទ័បរិបូរណ៍ ប្រធានសហពន្ធ័កីឡាអេឡិចត្រូនិកកម្ពុជា ស្តីពីកិច្ចសហការពង្រឹង និងលើកកម្ពស់ប្រសិទ្ធភាពការងារផ្សព្វផ្សាយអប់រំអំពីផលប៉ះពាល់ និងគ្រោះថ្នាក់ នៃគ្រឿងញៀន នៅរសៀលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ នាអគារ T.Y Esports Center វិថី៦០ម៉ែត្រ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ជាមួយនេះលោករដ្ឋមន្ត្រីក្រសួងព័ត៌មាន សូមអ្នកដែលមានស្នាដៃក្នុងកីឡាអេឡិចត្រូនិកដែលមានអ្នកគាំទ្ររាប់មុឺននាក់ អ្នកដែលមានប្រជាប្រិយភាព និងអ្នកដែលបានចូលរួមលេងកីឡាអេឡិចត្រូនិកជួយភ្ជាប់នូវសារអប់រំទាក់ទងបញ្ហាគ្រឿងញៀន ហើយតាំងចិត្តរួមគ្នាថាយើងមិនប្រើប្រាស់ មិនប៉ះពាល់ មិនជួញដូរគ្រឿងញៀន ហើយរួមគ្នាដើម្បីផ្សព្វផ្សាយឱ្យអ្នកផ្សេងៗទៀតទទួលសារទាំងនេះបាន ពិសេសយុវជនព្រោះថាមានតែការអប់រំតែមួយគត់ដែលអាចឈានទៅដល់ការលុបបំបាត់បានទាំងស្រុងនូវបញ្ហានៃការប្រើប្រាស់គ្រឿងញៀននៅក្នុងសង្គមរបស់យើង, ចេញពីខ្លួនយើង យើងនឹងអាចពង្រីកដល់សហគមន៍យើង ចេញពីសហគមន៍យើង យើងនឹងពង្រីកការទប់ស្កាត់នូវការមិនប្រើប្រាស់គ្រឿងញៀននៅក្នុងសង្គមរបស់យើង។
លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា អនុស្សរណៈនេះ គឺជាទម្ងន់មួយបន្ថែមទៀត ដែលមានការចូលរួមពីសមាជិកនៃសហពន្ធ័កីឡាអេឡិចត្រូនិកកម្ពុជា ក្នុងការអនុវត្តឱ្យបានជោគជ័យក្នុងខ្លឹមសារនៃអនុស្សរណៈ ហើយក៏ជាការបង្ហាញអោយឃើញច្បាស់ថាសមាជិកនៅក្នុងសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា មិនមានការពាក់ពន្ធ័ជាមួយបញ្ហាគ្រឿងញៀន ដែលនេះគឺជាការសម្អាតចកក្នុងបឹងឱ្យឃើញទឹកថ្លា ដូចអ្វីដែលជាប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតីនាយករដ្ឋមន្ត្រី «យើងមិនមែនវែកចកទេ តែយើងសម្អាតចក ហើយការសម្អាតពី ១ដុំ ទៅ ១ដុំ ដោយមិនអនុញ្ញាតឱ្យចកផ្សេងទៀតចូលមកទៀតទេ»។
ប្រធានគណៈកម្មការទទួលបន្ទុកផ្សព្វផ្សាយអប់រំ បានលើកឡើងថាប្រជាជនកម្ពុជា ចំនួន៦៥% ជាប្រជាជនសកម្ម និងពេញកម្លាំង ហើយក្នុងនោះគឺយុវជនមានចំនួនច្រើនបើតាមការសិក្សាទិន្នន័យចន្លោះពី ៣ទៅ ៤មុឺននាក់ ជាយុវជនដែលប្រឈមមុខខ្ពស់ទៅការញៀននៃគ្រឿងញៀននាពេលបច្ចុប្បន្ននេះ។ ដូច្នេះ ហើយទើបអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ពិសេសប្រមុខរាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយសម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានខិតខំធ្វើយ៉ាងណាកាត់ផ្តាច់ និងផ្សព្វផ្សាយឱ្យបានទូលំទូលាយពីផលប៉ះពាល់នៃបញ្ហាគ្រឿងញៀន ដើម្បីទប់ស្កាត់កុំឱ្យយុវជនដែលកំពុងនៅមាត់រណ្តៅនៃការញៀនគ្រឿងញៀន អាចដកខ្លួន ឬបញ្ឈប់នូវរាល់បញ្ហាដែលឈានទៅប្រើប្រាស់គ្រឿងញៀន។
ជាមួយនេះដែរ ប្រមុខរាជរដ្ឋាភិបាលបានប្រកាន់យកនូវវិធានការអប់រំ ជាអាទិភាព ហើយបន្ទាប់មកឈានទៅវិធានការអនុវត្តច្បាប់ និងវិធានវិធានការផ្សេងៗទៀតក្នុងការចូលរួមទប់ស្កាត់ការប្រើប្រាស់គ្រឿងញៀន ព្រោះបញ្ហាគ្រឿងញៀនជាបញ្ហារួមដែលត្រូវចូលរួមទប់ស្កាត់ លប់បំបាត់ និងប្រយុទ្ធប្រឆាំងទាំងអស់គ្នា។ នៅក្នុងន័យនេះសម្តេចបវរធិបតី ស្នើសុំឱ្យថ្នាក់ដឹកនាំក្រសួងស្ថាប័នទាំងអស់ ក្រុមហ៊ុនឯកជន រោងចក្រ សហគ្រាស រហូតដល់សមាជិកគ្រួសារ ត្រូវធ្វើការអប់រំក្រើនរំលឹកអំពីផលប៉ះពាល់វិនាសកម្មនៃគ្រឿងញៀន និងមានវិធានការម៉ឺងម៉ាត់តឹងរឹងបំផុតចំពោះការប្រើប្រាប់គ្រឿងញៀន ត្រូវនិយាយថា «ទេដាច់ខាតចំពោះគ្រឿងញៀន»។
លោក ជា ច័ន្ទបរិបូរណ៍ ក្នុងនាមសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា បានបង្ហាញនូវមោទនភាព ដែលបានចូលរួមក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀននៅកម្ពុជា ស្របតាមទស្សនវិស័យ «ចូលរួមទាំងអស់គ្នា ដើម្បីជីវិត និងសហគមន៍គ្មានគ្រឿងញៀន» សំដៅរួមចំណែកក្នុងការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម និងការអភិវឌ្ឍប្រទេសជាតិ ដែលរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានចាត់ទុកជាអាទិភាពខ្ពស់។
ប្រធានសហព័ន្ធបានគូសបញ្ជាក់ថា សាររបស់កីឡាករ កីឡាការិនី អ្នកអត្ថាធិប្បាយកីឡានឹងបានទៅដល់យុវជនដែលជាអ្នកគាំទ្រ និងទស្សនាកីឡាអេឡិចត្រូនិក ហើយអាចនឹងមានឥទ្ធិពលជ្រួតជ្រាបដល់ពួកគេឱ្យមានការយល់ដឹងចូលរួមទប់ស្កាត់ និងជៀសឆ្ងាយពីគ្រឿងញៀន ដូចជាពាក្យស្លោកថា លេងកីឡាភ្លេចញៀន ស្តាយពានចូលផ្ទះ និងត្រូវនិយាយថាទេចំពោះគ្រឿងញៀន៕
0 Comments:
Post a Comment