(ពោធិ៍សាត់)៖ លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ នារសៀលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ បានសម្តែងការសាទរ និងគាំទ្រយ៉ាងពេញទំហឹង ចំពោះគ្រួសារអតីតយុទ្ធជន ដែលមានបំនិនក្នុងការរស់នៅ ចេះឆ្នៃប្រឌិត និងឧស្សាហ៍ព្យាយាម ក្នុងការដាំដុះបន្លែបង្ការ ឈើហូបផ្លែ ចិញ្ចឹមសត្វ... ជួយទ្រទ្រង់ជីវភាពគ្រួសារ កាត់បន្ថយភាពក្រីក្រ និងជាគម្រូដ៏ល្អ ដល់គ្រួសារអតីតយុទ្ធជនផ្សេងទៀត យកគម្រូតាម។
លោកអភិបាលខេត្ត បានសម្តែងបែបនេះ ក្នុងឱកាសចុះសួរសុខទុក្ខ អតីតយុទ្ធជនទាំង៦២៨គ្រួសារ និងជម្រុញលើកទឹកចិត្តតាមខ្នងផ្ទះ គ្រួសារអតីតយុទ្ធជនណា ដែលឧស្សាព្យាយាម ហើយរស់នៅផ្ទាល់ក្នុងទីតាំងដីសម្បទានសង្គមកិច្ច ភូមិប៊ុនរ៉ានីសែនជ័យ ដំណាក់ទ្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។
លោក ខូយ រីដា បានថ្លែងការផ្តាំផ្ញើសួរសុខទុក្ខ ក្តីនឹករលឹក អាណិតស្រឡាញ់ ពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនចំពោះបងប្អូនអតីតយុទ្ធជនទាំងអស់ ដែលរស់នៅក្នុងភូមិប៊ុនរ៉ានីសែនជ័យ ដំណាក់ទ្រយឹង ទាំង៦២៨គ្រួសារ។ លោកបានលើកទឹកចិត្តដល់បងប្អូនអតីតយុទ្ធជន ឱ្យយល់ច្បាស់ពីតម្លៃនៃសន្តិភាព បើទោះបីជាយើងមានការលំបាកខាងផ្នែកជីវភាពក៏ដោយ ក៏យើងមានឱកាសរស់នៅក្រោមម្លប់សុខសន្តិភាព មិនដូចនៅតាមបណ្តាប្រទេសមួយចំនួន បាននឹងកំពុងជួប ភ្លើងសង្គ្រាមនោះឡើយ។
លោក ខូយ រីដា សូមឱ្យអតីតយុទ្ធជន គិតគូរពីបញ្ហាសុខភាព ព្រោះកត្តាសុខភាពនេះ អាចធ្វើឱ្យយើងរួចផុតពីភាពក្រីក្របាន ដែលក្នុងនោះត្រូវបរិភោគទឹកស្អាត ទឹកដាំឆ្អិនល្អ ការរស់នៅមានអនាម័យ ប្រុងប្រយ័ត្នពីជំងឺឆ្លងនានា ជាពិសេសជំងឺមិនឆ្លង ដូចជាជំងឺទឹកនោមផ្អែម ជំងឺមហារីក ជំងឺបេះដូង សរសៃឈាម និងជំងឺផ្លូវដង្ហើមរ៉ាំរ៉ៃជាដើម ដែលបង្កឡើងដោយការបរិភោគមិនបានត្រឹមត្រូវ។
លោកបានជំរុញឱ្យអតីតយុទ្ធជន មករស់នៅជាអចិន្ត្រៃយ៍ ត្រូវខិតខំជំនះ តស៊ូ ឧស្សាហ៍ព្យាយាម ក្នុងដាំដុះបន្លែបង្ការ ឈើហូបផ្លែ ចិញ្ចឹមសត្វ និងបង្កើតមុខរបរផ្សេងៗទៀត ដើម្បីបង្កើនជីវភាពកាន់តែប្រសើរឡើង។ ជាមួយគ្នានោះត្រូវបន្តចូលរួមសហការ ក្នុងការថែរក្សាធនធានធម្មជាតិ ព្រៃឈើ សត្វព្រៃ បង្ការទប់ស្កាត់នូវរាល់បទល្មើសខុសច្បាប់ ដូចជាគ្រឿងញៀន ក្មេងទំនើងជាដើម។
នៅចំពោះមុខនេះ លោកសូមឱ្យអតីតយុទ្ធជន ភូមិប៊ុនរ៉ានីសែនជ័យ ដំណាក់ទ្រយឹង បន្តខិតខំជំរុញដោយធ្វើយ៉ាងណាប្រែក្លាយទៅជាភូមិមានសោភណ្ឌភាព បរិស្ថានស្អាតល្អ និងគ្មានសំរាម ព្រោះក្នុងពេលឆាប់ៗខាងមុខ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន លោកនឹងអញ្ជើញមកសួរសុខទុក្ខ និងពិនិត្យដោយផ្ទាល់ ជុំវិញការរស់នៅរបស់បងប្អូន។ ហើយត្រូវចងចាំថា កាលណាភូមិដ្ឋានស្អាត នោះគឺនាំមកនូវសិរីសួស្តី និងសុភមង្គលក្នុងក្រុមគ្រួសារគ្រប់ៗគ្នា។
គួរជម្រាបជូនថា ភូមិប៊ុនរ៉ានីសែនជ័យ ដំណាក់ទ្រយឹង បានអភិវឌ្ឍន៍នូវហេដ្ឋារចនាសម្ព័ន្ធរួចរាល់ រួមមានសាលារៀន មណ្ឌលសុខភាព វត្តអារាម ផ្លូវខ្វាត់ខ្វែង ប្រព័ន្ធភ្លើងអគ្គិសនី អណ្តូងទឹក ទំនប់ស្ទាក់ទឹក លំនៅឋានស្អាតសមរម្យ និងដីក្នុងមួយគ្រួសារ ១ហិកតាកន្លះ សម្រាប់ធ្វើការដាំដុះ។ សម្រាប់បញ្ហាប្រឈមនានាផ្សេងទៀត គ្រួសារអតីតយុទ្ធជនទាំង៦២៨គ្រួសារ បានទទួលការជួយទំនុកបម្រុងជីវភាពជាបន្តបន្ទាប់ ពីរដ្ឋបាលខេត្ត និងមន្ទីរអង្គភាពជុំវិញខេត្ត ក៏ដូចជារដ្ឋបាលស្រុកក្រុង ដែលបានចងសម្ព័ន្ធមេត្រីភាព។ ភូមិប៊ុនរ៉ានីសែនជ័យ ដំណាក់ទ្រយឹងនេះ គឺជាការផ្តួចផ្តើមឡើង ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានខិតខំប្រឹងប្រែង និងធ្វើការអភិវឌ្ឍន៍ ដើម្បីផ្តល់ជូនដល់អតីតយុទ្ធជន នៃកងកម្លាំងប្រដាប់អាវុធទាំង៣ ដែលមានគុណបំណាច់យ៉ាងធំធេង ចំពោះជាតិ សាសនា និងព្រះមហាក្សត្រ នាពេលកន្លងមក។
ក្នុងថ្ងៃដដែលនោះ លោក ខូយ រីដា ក៏បាននាំយកគ្រឿងឧបភោគបរិភោគ មានអង្ករ មី ទឹកត្រី ទឹកស៊ីអ៊ីវ ត្រីងៀត ប្រហុក និងថវិកាមួយចំនួន មកប្រគល់ជូនដល់ក្រុមគ្រូពេទ្យ លោកគ្រូ អ្នកគ្រូ កងកម្លាំងប្រចាំការ ដែលកំពុងបម្រើសេវាសុខាភិបាល សេវាអប់រំ និងសន្តិសុខ ប្រចាំភូមិប៊ុនរ៉ានីសែនជ័យ ដំណាក់ទ្រយឹង។ បន្ថែមពីនោះ លោកក៏បាននាំយកបច្ច័យ និងទេយ្យវត្ថុ ប្រគេនដល់ព្រះសង្ឃដែលគង់នៅវត្តដំណាក់ទ្រយឹងផងដែរ៕
0 Comments:
Post a Comment