អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា នៅរសៀលថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤ បានអញ្ជើញសំណេះសំណាល និងផ្តល់រង្វាន់ដល់សិស្សានុសិស្ស២៧នាក់ ដែលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិទទួលបាននិទ្ទេស A ក្នុងក្រុងកំពង់ចាម។
ឯកឧត្តមអភិបាលខេត្តកំពង់ចាម បានយកឱកាសនោះអបអរសាទរចំពោះ ការខិតខំប្រឹងប្រែងរបស់ក្មួយៗ រហូតបានទទួលជ័យលាភី ប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ទទួលបាននិទ្ទេស A ដែលទូទាំងខេត្តកំពង់ចាម សិស្សដែលប្រឡងជាប់និទ្ទេស A រហូតដល់ទៅ១១៥រូប ក្នុងនោះក្រុងកំពង់ចាមមាន ២៧រូប នៃចំនួនបេក្ខជនប្រឡងជាង ៨,០០០នាក់ និងប្រលងជាប់បានជាង ៦,០០០នាក់។
ទន្ទឹមនឹងនេះឯកឧត្តមអភិបាលខេត្ត បានផ្ដល់រង្វាន់លើកទឹកចិត្តដល់សិស្សដែលជាប់និទ្ទេស A ចំនួន ២៧រូប ក្នុងក្រុងកំពង់ចាម ដោយម្នាក់ៗទទួលបាន កុំព្យូទ័រយួរដៃ ១គ្រឿង និងថវិកា ១លានរៀល។
ឯកឧត្តមអភិបាលខេត្ត បានថ្លែងថា ចំពោះសិស្សដែលប្រឡងជាប់ទទួលបានជ័យលាភីលើកនេះ គឺជាការបោះជំហានទទួលបានជ័យជំនះកម្រិត ទី១ ដូច្នេះ ជំហានបន្ទាប់គឺជាភាពជោគជ័យនៃជីវិតទី២ គឺការសិក្សាបញ្ចប់នៅកម្រិតឧត្ដមសិក្សា ដែលអាចទទួលបាននូវជំនាញ ហើយបន្តយកជ័យជំនះទី៣ គឺការបញ្ចប់ការសិក្សារួចហើយមានការងារធ្វើល្អ ដែលខ្លួនពេញចិត្ត និងទទួលបានប្រាក់ចំណូលខ្ពស់ បន្ទាប់មកទើបរៀបចំគ្រួសារមួយឲ្យបានល្អ សាងសុភមង្គលក្នុងជីវិតរបស់ខ្លួន ឲ្យបានល្អប្រសើរផងដែរ៕
0 Comments:
Post a Comment