(ភ្នំពេញ)៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នាថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៤ បានអនុញ្ញាតឱ្យគណៈប្រតិភូជាយុវជននៃកម្មវិធីអនាគតមេដឹកនាំអាស៊ាន (Future Líder ba ASEAN) របស់រដ្ឋាភិបាលទីម័រឡេស្តេ ដឹកនាំដោយលោក Ermenegildo Lopes ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ ប្រចាំនៅកម្ពុជា ចូលជួបសម្ដែងការគួរសម និងទទួលការចែករំលែកបទពិសោធន៍អំពីកិច្ចការងារវិនិយោគរបស់កម្ពុជា។
ស្របតាមការស្នើសុំរបស់គណៈប្រតិភូយុវជននៃកម្មវិធីអនាគតមេដឹកនាំអាស៊ាន លោកឧបនាយករដ្ឋមន្ត្រី បានចែករំលែកពីមាគា៍អភិវឌ្ឍន៍ជាតិរបស់កម្ពុជា ក្នុងការត្រួសត្រាយផ្លូវដើម្បីអភិវឌ្ឍន៍ប្រទេសពីសង្គ្រាមផ្ទៃក្នុង រហូតទទួលបានសុខសន្តិភាពពេញលេញ ឯករាជ្យភាពជាតិ និងមានរដ្ឋាភិបាលតែមួយក្នុងការអនុវត្តការងារតាមរយៈការអនុវត្តគោលនយោបាយឈ្នះៗ ដែលអាចសម្រេចបានសមិទ្ធផលជាតិធំៗលើគ្រប់វិស័យ ដោយផ្អែកលើមូលដ្ឋាននៃយុទ្ធសាស្ត្រចតុកោណ ផ្ដោតសំខាន់លើកត្តា៤គឺ មនុស្ស ផ្លូវ ទឹក ភ្លើង។
ជាមួយគ្នានេះស្របតាមនិន្នាការនៃការអភិវឌ្ឍន៍បច្ចុប្បន្ន រាជរដ្ឋាភិបាលក្នុងនីតិកាលទី៧នេះ បានបន្ថែមឌីជីថលូបនីយកម្ម ចូលក្នុងមូលដ្ឋាននៃផែនការអភិវឌ្ឍន៍ជាតិផងដែរ។ លោកឧបនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់អំពីការរក្សាឱ្យបាននូវសុខសន្តិភាព និងស្ថិរភាពសង្គម ដើម្បីអនុញ្ញាតឱ្យសង្គមជាតិអាចគិតគូរអំពីការអភិវឌ្ឍ និងភាពរីកចម្រើននៃគុណភាពជីវិតរបស់ប្រជាពលរដ្ឋ។
ចំពោះវិស័យវិនិយោគលោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានលើកឡើងថា កម្ពុជាបានអនុវត្តគោលនយោបាយបើកចំហរសេដ្ឋកិច្ចដោយទទួលយកការវិនិយោគពីគ្រប់ទិសទី បន្ទាប់ពីស្ថាប័នក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ត្រូវបានបង្កើតឡើងកាលពីឆ្នាំ១៩៩៤ ដែលផ្ដល់តួនាទីភាកិច្ចជាសេនាធិការរាជរដ្ឋាភិបាល និងជាច្រកចេញចូលតែមួយក្នុងកិច្ចការងារសម្របសម្រួល និងអនុម័តគម្រោងវិនិយោគ ពិសេសការវិនិយោគដោយផ្ទាល់ពីបរទេស និងអនុវត្តកិច្ចការងារសហប្រតិបត្តិការអភិវឌ្ឍន៍ផងដែរ។
ចំពោះការបើកចំហរសេដ្ឋកិច្ចនេះ រាជរដ្ឋាភិបាលបានដាក់ចេញគោលនយោបាយជាតិជាច្រើន ពិសេសគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជាឆ្នាំ២០១៥-២០២៥ ដើម្បីតម្រង់ទិសទីផ្សារ និងបង្កើតលក្ខខណ្ឌអំណោយផល ដើម្បីជំរុញការអភិវឌ្ឍន៍វិស័យឧស្សាហកម្ម និងការវិនិយោគនៅកម្ពុជា។
ក្រោយទទួលបានការចែករំលែកអំពីបទពិសោធន៍ការងារជាច្រើនរបស់ស្ថាប័នពីឧបនាយករដ្ឋមន្ត្រី លោកឯកអគ្គរដ្ឋទូត Ermenegildo Lopes បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការគាំទ្រ ការលើកទឹកចិត្ត ការផ្ដល់បទពិសោធន៍លើកិច្ចការងារវិនិយោគ និងទស្សនទានល្អៗជូនដល់ប្រតិភូ ពិសេសដល់ប្រតិភូជាយុវជន ដែលជាអនាគតថ្នាក់ដឹកនាំ។
បន្ថែមពីនេះលោកឯកអគ្គរដ្ឋទូត បានកោតសរសើរកម្ពុជាចំពោះការរៀបចំឱ្យមានតំបន់សេដ្ឋកិច្ចពិសេស ដែលអនុញ្ញាតឱ្យប្រជាពលរដ្ឋជាច្រើនទទួលបានការងារ ហើយលោកបានគោរពស្នើសុំការណែនាំលើរបៀបដែលកម្ពុជាបានរៀបចំបង្កើតតំបន់សេដ្ឋកិច្ចទាំងនេះឡើង ដើម្បីអាចឱ្យទីម័រឡេស្តេ អាចប្រើប្រាស់ជាបទពិសោធន៍សម្រាប់អភិវឌ្ឍន៍ប្រទេសខ្លួនផងដែរ។
ដើម្បីជាការជំរុញទឹកចិត្តបន្ថែមលោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានជម្រាបជូននូវទស្សនទានជាច្រើនដែលផ្ដល់គុណតម្លៃលើភាពជាអ្នកដឹកនាំ និងការយកប្រទេសជាតិជាសំខាន់ចំពោះមុខ ដើម្បីធ្វើយ៉ាងណាអាចសម្រេចបាននូវការលើកកម្ពស់គុណភាពមនុស្ស សុខសន្តិភាព និងការអភិវឌ្ឍសេដ្ឋកិច្ចជាដើម។
លោកឧបនាយករដ្ឋមន្ត្រី ក៏បានផ្ដល់ការណែនាំដល់អង្គគណៈប្រតិភូលើការពិនិត្យជម្រាបជូនថ្នាក់ដឹកនាំទីម័រឡេស្តេ ក្នុងការរៀបចំស្ថាប័នគោលមួយដែលទទួលបន្ទុកលើកិច្ចការងារវិនិយោគ ដើម្បីបើកទ្វារឱ្យវិនិយោគិនអាចចូលមកបណ្ដាក់ទុនវិនិយោគ។
បន្ថែមពីនេះលោកឧបនាយករដ្ឋមន្ត្រី បានផ្ដល់ជូនគន្លឹះសំខាន់ដែលស្នូលសម្រាប់យុវជនទាំងអស់ក្នុងនាមជាអនាគតថ្នាក់ដឹកនាំគួរយកទៅអនុវត្តក្នុងកិច្ចការងារ គឺ 5Es (Energy, Energize, Edge, Execution, Enthusiastic) ដែលជាអ្នកដឹកនាំប្រកបដោយថាមពល ផ្ដល់ការទឹកចិត្ត មានភាពមោះមុត ការអនុវត្តការងារ និងមានភាពសកម្ម៕
0 Comments:
Post a Comment