ខេត្តស្វាយរៀង ៖ ផ្លែមៀន ១០តោន ដែលបានបញ្ជូនទៅដល់រដ្ឋបាលខេត្តស្វាយរៀង រួចរាល់នោះ, នាព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២១ ត្រូវបាន លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញប្រគល់ផ្ទាល់ដៃ ដល់រដ្ឋបាលខេត្តស្វាយរៀង ដើម្បីចែករំលែកដល់សកម្មជនជួរមុខ ប្រជាពលរដ្ឋជាប់ធ្វើចត្តាឡីស័ក ព្រមទាំងអ្នកកំពុងព្យាបាលជំងឺកូវីដ-១៩ ទទួលទានដោយឥតគិតថ្លៃ, ហើយថា យើងត្រូវតែប្រុងប្រយ័ត្នខ្ពស់ ចំពោះការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។
លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តស្វាយរៀង បានមានប្រសាសន៍ថា ការទិញផ្លែមៀននេះ គឺជាការចូលរួមជាមួយ រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់ សម្ដេចតេជោ ហ៊ុន សែន ដែលកាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១ បានបញ្ជាឱ្យ នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៉ីង ប៊ុនហៀង អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជានាយករងខុទ្ទកាល័យ សម្តេចតេជោ ហ៊ុន សែន ចុះទៅប្រមូលទិញផ្លែមៀន និងតាង៉ែន របស់ កសិករនៅតាមបណ្ដាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ ដែលជាប់គាំងក្នុងការនាំចេញទៅក្រៅប្រទេស ឬក៏កំពុងជួបបញ្ហាទីផ្សារ ដើម្បីដោះស្រាយបន្ទុកធ្ងន់ធ្ងរនេះជូនប្រជាកសិករ។
សូមបញ្ជាក់ថា ផ្លែមៀនចំនួន ១០តោននេះ ត្រូវបានប្រគល់ជូនដល់ ក្រុង-ស្រុកទាំង៨ មន្ទីរពេទ្យខេត្តស្វាយរៀង កងម្លាំងទាំង៣ប្រភេទ និងមន្ទីរនានាជុំវិញ ខេត្តស្វាយរៀង មណ្ឌលធ្វើចត្តាឡីស័កនិងមណ្ឌលព្យាបាលអ្នកជំងឺកូវីដ-១៩។
ជាមួយនឹងការចែករំលែកផ្លែមៀនផ្ទាល់នេះ លោកជំទាវកិត្តិសង្គហបណ្ឌិត ឧបនាយករដ្ឋមន្រ្តី បានលើកឡើងពីស្ថានភាពជំងឺកូវីដ-១៩ ថា បើទោះបីស្ថានភាពនៃរាតត្បាតជំងឺកូវីដ-១៩ក្នុងរយៈពេលចុងក្រោយនេះ បានធ្លាក់ចុះគួរឲ្យកត់សម្គាល់យ៉ាងណាក៏ដោយ តែយើងនៅតែស្នើឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ក្នុងខេត្តស្វាយរៀង ត្រូវបង្កើនការប្រុងប្រយ័ត្ន និងចូលរួមអនុវត្តតាមវិធានការរបស់ ក្រសួងសុខាភិបាល និងវិធានការរបស់ រាជរដ្ឋាភិបាល «៣ការពារ និង៣កុំ» ឲ្យបានខ្ជាប់ខ្ជួន មានប្រសិទ្ធិភាពខ្ពស់៕
យោង ៖ CEN
0 Comments:
Post a Comment