មានប្រសាសន៍នៅក្នុងសិក្ខាសាលាស្តីពី «ការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ» កាលពីថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានលើកឡើងថា កំណែទម្រង់រដ្ឋបាលសាធារណៈ មិនមែនជារឿងថ្មីនោះទេ គឺជាកិច្ចការដែលបន្តពីនីតិកាលមុនៗ។
ក្នុងពិធីបិទសិក្ខាសាលានេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានមានប្រសាសន៍បន្ថែមថា “ក្នុងអាណត្តិនេះ រាជរដ្ឋាភិបាលបានផ្តោតជាសំខាន់លើវិធីសាស្ត្រនៃការអនុវត្ត និងការកំណត់អាទិភាពនៃវិធានការគន្លឹះនានា ដើម្បីឱ្យដំណើរការកែទម្រង់នេះបានលឿន និងមានប្រសិទ្ធភាពខ្ពស់។ នៅពេលដែលខ្ញុំចូលមកកាន់តំណែង ជារដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កាលពីឆ្នាំ២០១៦ ខ្ញុំបានយកការងារកំណែទម្រង់ស្ថាប័នជាការងារអាទិភាពមួយដ៏សំខាន់ ដើម្បីរៀបចំអង្គអ្នកការទូតប្រកបដោយវិជ្ជាជីវៈ ស្នេហាជាតិ សកម្ម និងមានសមត្ថភាពមុតស្រួច។”
លើសពីនេះទៀត ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា “ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ តែងត្រៀមលក្ខណៈរួចជាស្រេច និងបន្តចូលរួមសហការយ៉ាងពេញទំហឹង សំដៅឈានទៅសម្រេចបាននូវការធ្វើទំនើបកម្មរដ្ឋបាលសាធារណៈ ក្នុងគោលដៅបម្រើឧត្តមប្រយោជន៍ជាតិ និងឆ្លើយតបឱ្យបានទាន់ពេលវេលាទៅនឹងសេចក្តីត្រូវការជាក់ស្ដែងរបស់ប្រជាជន។”
សូមជម្រាបផងដែរថា គិតមកត្រឹមថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៥ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាក្រសួងទី២៥ ដែលក្រសួងមុខងារសាធារណៈបានសហការជាមួយ ដើម្បីរៀបចំសិក្ខាសាលាស្តីពី «ការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធនៃក្រសួង ស្ថាប័ន»៕